ព្រះត្រៃបិដក ភាគ ២៦
សីលទាំងឡាយណា ដែលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុះ ជាសីលដែលអ្នកប្រាជ្ញតែងសរសើរ ជាសីលដែលតណ្ហា និងទិដ្ឋិមិនបានប៉ះពាល់ ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា ក្នុងសីលទាំងឡាយ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីសេចក្តីស្ងប់ស្ងាត់១។ ម្នាលអានន្ទ មួយវិញទៀត ទិដ្ឋិណាដ៏ប្រសើរ ជាទិដ្ឋិនាំសត្វចេញចាកវដ្តៈ តែងដឹកនាំបុគ្គលអ្នកធ្វើតាមនោះ ឲ្យអស់កងទុក្ខ ដោយប្រពៃ ភិក្ខុប្រកបដោយសេចក្តីយល់ឃើញស្មើគ្នា ដោយទិដ្ឋិ មានសភាពដូច្នោះ (ជាមួយ) នឹងសព្រហ្មចារីបុគ្គល ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯង ឈ្មោះថា សារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់គ្នា ជាធម៌ធ្វើសេចក្តីគោរពគ្នា ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះគ្នា ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា
ID: 636831704389625013
ទៅកាន់ទំព័រ៖