ព្រះត្រៃបិដក ភាគ ២៦

 [​៦៩​]​ ​ម្នាល​សុ​នក្ខត្ត​ ​ពួក​ភិក្ខុ​ ​ដែល​ប្រកាស​អរហត្តផល​ ​ក្នុង​សំណាក់​តថាគត​ថា​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏​ពួក​ខ្ញុំ​ព្រះអង្គ​ ​បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ទៀត​ទេ​ ​នោះ​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​ទីនុ៎ះ​ ​ប្រកាស​អរហត្តផល​ ​ដោយ​ប្រពៃ​មែន​ក៏​មាន​ ​ភិក្ខុ​ពួក​ខ្លះ​ក្នុង​ទីនុ៎ះ​ ​ប្រកាស​អរហត្តផល​ ​ដោយ​ការស្មាន​ក៏​មាន​។​ ​ម្នាល​សុ​នក្ខត្ត​ ​បណ្តា​ភិក្ខុ​អម្បាល​នោះ​ ​ភិក្ខុ​ពួក​ណា​ ​ប្រកាស​អរហត្តផល​ដោយ​ប្រពៃ​ ​ការប្រកាស​នោះ​ ​របស់​ភិក្ខុ​ពួក​នោះ​ ​លើកទុក​មួយអន្លើ​ចុះ​។​ ​តែ​ចំណែកខាង​ភិក្ខុ​ពួក​ណា​ ​ប្រកាស​អរហត្តផល​ ​ដោយ​ការស្មាន​ ​ម្នាល​សុ​នក្ខត្ត​ ​ក្នុង​រឿង​នេះ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ដល់​ភិក្ខុ​ពួក​នោះ​។​ ​ម្នាល​សុ​នក្ខត្ត​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ដល់​ភិក្ខុ​ពួក​នោះ​ ​ដោយ​ឧបាយ​ដូចតទៅ​នេះ​។​ ​កាលបើ​ភិក្ខុ​ពួក​ខ្លះ​ ​ជា​មោឃបុរស​ ​ក្នុង​ទីនេះ​ ​តាក់​តែង​សម្រឹ​ត​សម្រាំង​ ​នូវ​បញ្ហា​ ​ចូល​មក​សួរ​តថាគត​ ​ម្នាល​សុ​នក្ខត្ត​ ​ក្នុង​រឿង​នោះ​ ​តថាគត​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​តថាគត​ ​នឹង​សំដែងធម៌​ ​ដល់​ភិក្ខុ​ទាំងនោះ​ ​ដោយ​ប្រការ​ដទៃ​ ​(​អំពី​បញ្ហា​របស់​ភិក្ខុ​ទាំងនោះ​)​។​
ថយ | ទំព័រទី ១១៧ | បន្ទាប់
ID: 636831705399942800
ទៅកាន់ទំព័រ៖