ព្រះត្រៃបិដក ភាគ ២៦
យ៉ាងណាមិញ ម្នាលសុនក្ខត្ត បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ រមែងជ្រុះចាកការប្រកបក្នុងលោកាមិសៈ ក៏យ៉ាងនោះដែរ។ បុរសបុគ្គលនោះ បណ្ឌិតគប្បីដឹងថា ជាអ្នកមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ ប្រាសចាកការប្រកបក្នុងលោកាមិសៈហើយ ដោយប្រការដូច្នេះ។
[៧៣] ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឲ្យបុរសបុគ្គលពួកខ្លះ ក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមាន។ ម្នាលសុនក្ខត្ត សំដីរបស់បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ តែហានិយាយឡើង តែងប្រមៀលទៅរកអាកិញ្ចញ្ញាយតនសមាបត្តិផង បុរសបុគ្គលនោះ តែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅ តាមអាកិញ្ចញ្ញាយតនសមាបត្តិនោះផង តែងគប់រក នូវបុរសបែបនោះផង តែងដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង ចំណែកខាងពាក្យសំដី ដែលគេនិយាយ ប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គលនោះ មិនចង់ស្តាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្ត ដើម្បីដឹងផង មិនគប់រកបុរសបែបនោះផង មិនដល់នូវសេចក្តីគោរព ទៅរកបុរសបែបនោះផង។
ID: 636831706768641085
ទៅកាន់ទំព័រ៖