ព្រះត្រៃបិដក ភាគ ២៦
ប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា ប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ ប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែមរណៈ។ ម្នាលសុនក្ខត្ត ដូចបុរសត្រូវសរ ដែលត្រាំដោយថ្នាំពិស ជ្រាបជោកជាំហើយ មិត្រអាមាត្យ ញាតិសាលោហិត របស់បុរសនោះ ក៏ឲ្យពេទ្យវះ ជាអ្នកស្ទាត់ជំនាញរក្សា។ ពេទ្យវះអ្នកស្ទាត់ជំនាញនោះ វះមុខដំបៅរបស់បុរសនោះ ដោយគ្រឿងសស្ត្រា លុះវះមុខដំបៅ ដោយគ្រឿងសស្ត្រារួចហើយ ក៏រាវរកសរ ដោយគ្រឿងសម្រាប់រាវរក (ដង្កៀប) លុះរាវរកសរ ដោយគ្រឿងសម្រាប់រាវរកហើយ ក៏ដកចេញនូវសរ មានពិសជាទោស ដែលសេសសល់នៅ ក៏ដឹងថា ពិសជាទោសនោះ មិនមាននៅសេសសល់ទេ។ ពេទ្យវះនោះ និយាយយ៉ាងនេះថា នែបុរសដ៏ចម្រើន សររបស់អ្នក យើងបានដកចេញហើយ ពិសជាទោស យើងបាននាំចេញ ឥតមានសេសសល់ឡើយ ល្មមមិនមានអន្តរាយដល់អ្នកហើយ
ID: 636831709241422520
ទៅកាន់ទំព័រ៖