ព្រះត្រៃបិដក ភាគ ២៦
[៧] ម្នាលភិក្ខុទាំងឡាយ កាលបើនិគ្រន្ថទាំងឡាយ និយាយយ៉ាងនេះហើយ តថាគត បានតបទៅនឹងពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំងឡាយ ៥យ៉ាងនេះ មានវិបាកពីរប្រការ ក្នុងបច្ចុប្បន្ននេះ ធម៌៥យ៉ាង តើដូចម្តេច ធម៌៥យ៉ាង គឺសទ្ធា (ការជឿ)១ រុចិ (ការគាប់ចិត្ត)១ អនុស្សវៈ (ការឮតៗគ្នា)១ អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ)១ ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹងលទ្ធិរបស់ខ្លួន)១ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ធម៌ទាំង៥យ៉ាងនេះឯង ដែលមានវិបាកពីរប្រការ ក្នុងបច្ចុប្បន្ននេះ បណ្តាធម៌ ទាំង៥ប្រការនោះ សទ្ធា (ការជឿ) ចំពោះគ្រូ ដែលកន្លងទៅហើយ តើដូចម្តេច រុចិ (ការគាប់ចិត្ត) តើដូចម្តេច អនុស្សវៈ (ការឮតៗគ្នា) តើដូចម្តេច អាការបរិវិតក្កៈ (ការត្រិះរិះតាមហេតុ) តើដូចម្តេច ទិដ្ឋិនិជ្ឈានក្ខន្តិ (ការពេញចិត្តថា ត្រូវនឹងលទ្ធិរបស់ខ្លួន) តើដូចម្តេច របស់និគ្រន្ថដ៏មានអាយុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគតសួរយ៉ាងនេះ ក៏មិនបានជួបនឹងពាក្យតទល់ ដែលប្រកបដោយធម៌ណាមួយ អំពីពួកនិគ្រន្ថឡើយ។
ID: 636831621275871178
ទៅកាន់ទំព័រ៖