ព្រះត្រៃបិដក ភាគ ២៦
កាលភិក្ខុនោះ មិនប្រកបរឿយៗ នូវការឃើញរូប មិនជាទីសប្បាយ ដោយចក្ខុ មិនប្រកបរឿយៗ នូវសំឡេង មិនជាទីសប្បាយ ដោយសោតៈ មិនប្រកបរឿយៗ នូវក្លិន មិនជាទីសប្បាយ ដោយឃានៈ មិនប្រកបរឿយៗ នូវរស មិនជាទីសប្បាយ ដោយជិវ្ហា មិនប្រកបរឿយៗ នូវផោដ្ឋព្វៈ មិនជាទីសប្បាយ ដោយកាយ មិនប្រកបរឿយៗ នូវធម្មារម្មណ៍ មិនជាទីសប្បាយ ដោយចិត្ត រាគៈក៏មិនអាចគ្របសង្កត់ចិត្តបាន។ លុះភិក្ខុនោះ មិនត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ឬមិនដល់នូវទុក្ខ ស្ទើរតែមរណៈឡើយ។ ម្នាលសុនក្ខត្ត សេចក្តីឧបមានេះ តថាគតបានធ្វើ ដើម្បីនឹងញុំាងជនឲ្យដឹងសេចក្តី។ ឯសេចក្តីក្នុងឧបមានុ៎ះ ដូចតទៅនេះ។ ម្នាលសុនក្ខត្ត ពាក្យថា ដំបៅនុ៎ះ ជាឈ្មោះនៃអាយតនៈ ដែលប្រព្រឹត្តទៅខាងក្នុងទាំង៦។ ម្នាលសុនក្ខត្ត ពាក្យថា ពិសជាទោស នុ៎ះ ជាឈ្មោះនៃអវិជ្ជា។ ម្នាលសុនក្ខត្ត ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃតណ្ហា។ ម្នាលសុនក្ខត្ត ពាក្យថា គ្រឿងសម្រាប់រាវរក នុ៎ះ ជាឈ្មោះនៃស្មារតី។ ម្នាលសុនក្ខត្ត ពាក្យថា សស្ត្រា នុ៎ះ ជាឈ្មោះនៃបញ្ញា ដ៏ប្រសើរ។
ID: 636831711787308136
ទៅកាន់ទំព័រ៖