ព្រះត្រៃបិដក ភាគ ២៦
[៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវ័ក តែងពិចារណា ដូច្នេះថា កាមណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី កាមសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្នក្តី រូបសញ្ញាណា ដែលប្រព្រឹត្តទៅ ក្នុងបរលោកក្តី អានេញ្ជសញ្ញាណាក្តី អាកិញ្ចញ្ញាយតនសញ្ញាណាក្តី សញ្ញាទាំងអស់នោះឯង តែងរលត់ ឥតមានសេសសល់ ក្នុងធម្មជាតណា ធម្មជាតនុ៎ះដ៏ល្អិត ធម្មជាតនុ៎ះដ៏ឧត្តម គឺនេវសញ្ញានាសញ្ញាយតនជ្ឈាន។ កាលបើអរិយសាវ័កនោះ ប្រតិបត្តិយ៉ាងនេះ មានកិរិយានៅ ក្នុងសេចក្តីប្រតិបត្តិនោះ ដោយច្រើនហើយ ចិត្តក៏រមែងជ្រះថ្លា ក្នុងអាយតនៈ គឺហេតុ កាលបើសេចក្តីជ្រះថ្លាមានហើយ អរិយសាវ័កនោះ ក៏ដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ក្នុងកាលឥឡូវនេះផង ចុះចិត្តស៊ប់ ដោយបញ្ញាផង។ លុះមានរាងកាយបែកធ្លាយទៅ បន្ទាប់អំពីមរណៈ សំវត្តនិកវិញ្ញាណនោះ ក៏នឹងដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយហេតុណា ហេតុនុ៎ះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ នេះ នេវសញ្ញានាសញ្ញាយតនសប្បាយប្បដិបទា។
ID: 636831715478569264
ទៅកាន់ទំព័រ៖