ព្រះត្រៃបិដក ភាគ ២៦
[៨៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូល ចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រតិបត្តិយ៉ាងនេះថា បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលមុនទេ វិបាកវដ្តៈ ក៏មិនគប្បីមាន ដល់អាត្មាអញ ក្នុងកាលឥឡូវនេះ បើអាត្មាអញ មិនបានធ្វើកម្មវដ្តៈ ក្នុងកាលឥឡូវនេះទេ វិបាកវដ្តៈ ក៏នឹងមិនមានដល់អាត្មាអញ ក្នុងអនាគតកាល ខន្ធបញ្ចកៈណា ដែលមាន ដែលកើត ក្នុងកាលឥឡូវនេះ អាត្មាអញ លះបង់នូវខន្ធបញ្ចកៈនោះ ភិក្ខុនោះ បាននូវឧបេក្ខាយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនោះ គួររំលត់កិលេសបាន ឬមិនគួររំលត់កិលេសបានទេ។ ម្នាលអានន្ទ ភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យភិក្ខុខ្លះ គួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ ភិក្ខុខ្លះ មិនគួររំលត់កិលេសបាន ក្នុងឧបេក្ខានេះ។
ID: 636831715718552991
ទៅកាន់ទំព័រ៖