ព្រះត្រៃបិដក ភាគ ២៦

 [​៩០​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកប្រតិបត្តិ​យ៉ាងនេះ​ថា​ ​បើ​អាត្មាអញ​ ​មិនបាន​ធ្វើ​កម្ម​វដ្តៈ​ ​ក្នុង​កាលមុន​ទេ​ ​វិបាក​វដ្តៈ​ ​ក៏​មិន​គប្បី​មាន​ ​ដល់​អាត្មាអញ​ ​ក្នុង​កាល​ឥឡូវនេះ​ ​បើ​អាត្មាអញ​ ​មិនបាន​ធ្វើ​កម្ម​វដ្តៈ​ ​ក្នុង​កាល​ឥឡូវនេះ​ទេ​ ​វិបាក​វដ្តៈ​ ​នឹង​មិន​មានដល់​អាត្មាអញ​ ​ក្នុង​អនាគតកាល​ ​ខន្ធ​បញ្ចកៈ​ណា​ ​ដែល​មាន​ ​ដែល​កើត​ ​ក្នុង​កាល​ឥឡូវនេះ​ ​អាត្មាអញ​ ​លះបង់​នូវ​ខន្ធ​បញ្ចកៈ​នោះ​ ​ភិក្ខុ​នោះ​ ​បាន​នូវ​ឧបេក្ខា​ ​(​យ៉ាងនេះ​)​ ​ភិក្ខុ​នោះ​ ​ក៏​ត្រេកអរ​ ​សរសើរ​នូវ​ឧបេក្ខា​នោះ​ ​តាំងនៅ​ដោយ​សេចក្តី​ចូលចិត្ត​ស៊ប់​ ​កាលបើ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​សរសើរ​នូវ​ឧបេក្ខា​នោះ​ ​តាំងនៅ​ដោយ​សេចក្តី​ចូលចិត្ត​ស៊ប់​ហើយ​ ​វិញ្ញាណ​ណា​ ​ដែល​អាស្រ័យ​នូវ​វិបស្សនា​នោះ​ ​វិញ្ញាណ​នោះ​ ​ជា​ឧបាទាន​(​១​)​ ​របស់​ភិក្ខុ​នោះ​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ដែល​ប្រកបដោយ​ឧបាទាន​ ​រមែង​រំលត់​កិលេស​មិនបាន​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ភិក្ខុ​នោះ​ ​កាលបើ​កាន់​យក​ ​នូវ​បដិសន្ធិ​ ​តែង​កាន់​យក​ក្នុង​ទីណា​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​នោះ​ ​កាន់​យក​នូវ​បដិសន្ធិ​ ​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នភព​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បានឮ​ថា​ ​ភិក្ខុ​នោះ​ ​កាល​កាន់​យក​នូវ​បដិសន្ធិ​ ​តែង​កាន់​យក​ក្នុង​ភព​ដ៏​ប្រសើរ​ឬ​។​ ​
​(​១​)​ ​សេចក្តី​ប្រកាន់​មាំ​ ​សេចក្តី​អាល័យ​ក្នុង​វិបស្សនា​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636831716050491976
ទៅកាន់ទំព័រ៖