ព្រះត្រៃបិដក ភាគ ២៦
[៩] ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មានសេចក្តីប្រឹងប្រែងខ្លាំង មានសេចក្តីព្យាយាមខ្លាំង ក្នុងសម័យណា អ្នកទាំងឡាយ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតមក អំពីសេចក្តីប្រឹងប្រែងខ្លាំង ក្នុងសម័យនោះ បើអ្នកទាំងឡាយ មិនមានសេចក្តីប្រឹងប្រែងខ្លាំងទេ មិនមានសេចក្តីព្យាយាមខ្លាំងទេ ក្នុងសម័យណា អ្នកទាំងឡាយ ក៏មិនរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ដែលកើតអំពីសេចក្តីប្រឹងប្រែងខ្លាំង ក្នុងសម័យនោះ កាលបើយ៉ាងនេះ ពួកនិគ្រន្ថដ៏មានអាយុ មិនគួរនឹងនិយាយថា បុរសបុគ្គលនេះ ទទួលអារម្មណ៍ណាមួយ ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី អារម្មណ៍ទាំងអស់នោះ កើតឡើង ព្រោះហេតុតែខ្លួនធ្វើកម្មទុក ក្នុងកាលមុន ការមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ព្រោះដុតកំដៅ ព្រោះវិនាសទៅនៃកម្មចាស់ ទាំងមិនធ្វើនូវកម្មថ្មី ការអស់ទៅនៃកម្ម ព្រោះមិនទទឹកចិត្ត (ដោយរាគាទិក្កិលេស) តទៅ ការអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃកម្ម ការអស់ទៅនៃវេទនា ព្រោះអស់ទៅនៃទុក្ខ
ID: 636831621800551188
ទៅកាន់ទំព័រ៖