ព្រះត្រៃបិដក ភាគ ២៦
រលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះវស្សការព្រាហ្មណ៍ ជាមហាមាត្យក្នុងដែនមគធៈ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលអម្បាញ់មិញនេះ លោកម្ចាស់ប្រជុំគ្នាពោលអំពីរឿងអ្វីហ្ន៎ មួយទៀត ពាក្យជាចន្លោះដូចម្តេច ដែលលោកម្ចាស់ធ្វើមិនទាន់ស្រេច។ ព្រះអានន្ទឆ្លើយថា ម្នាលព្រាហ្មណ៍ គោបកមោគ្គល្លានព្រាហ្មណ៍ បានសួរអាត្មាក្នុងទីនេះ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចម្រើន អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា ភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មានដែរឬទេ ម្នាលព្រាហ្មណ៍ កាលបើគោបកមោគ្គល្លានព្រាហ្មណ៍ សួរយ៉ាងនេះហើយ អាត្មាក៏បានប្រាប់ទៅគោបកមោគ្គល្លានព្រាហ្មណ៍វិញ ដូច្នេះថា ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ទាំងឡាយណា សូម្បីភិក្ខុមួយរូប ដែលប្រកបដោយធម៌ទាំងឡាយនោះ ដោយអាការទាំងពួង ដោយប្រការទាំងពួង មិនមានទេ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ជាអ្នកបង្កើតផ្លូវ ដែលមិនទាន់កើតឡើង ជាអ្នករៀបចំផ្លូវដែលមិនទាន់រៀបចំ ជាអ្នកប្រាប់ផ្លូវ ដែលគេមិនបានប្រាប់ ជាអ្នកស្គាល់ផ្លូវ
ID: 636831768070117329
ទៅកាន់ទំព័រ៖