ព្រះត្រៃបិដក ភាគ ២៦
ដឹងផ្លូវ ឈ្លាសវៃក្នុងផ្លូវ ពួកសាវ័កក្នុងកាលឥឡូវនេះ គ្រាន់តែជាអ្នកដើរតាមផ្លូវ ប្រកបតាមជាខាងក្រោយប៉ុណ្ណោះ ម្នាលព្រាហ្មណ៍ ពាក្យជាចន្លោះនេះឯង ដែលយើងធ្វើមិនទាន់សម្រេច ជាមួយនឹងគោបកមោគ្គល្លានព្រាហ្មណ៍នៅឡើយ។ ក៏ស្រាប់តែអ្នកមកដល់។
[១០៨] បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតមដ៏ចំរើនអង្គនោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ។ ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។
ID: 636831768328862128
ទៅកាន់ទំព័រ៖