ព្រះត្រៃបិដក ភាគ ២៦
[១១០] កាលខ្ញុំសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះគោតម ដ៏ចម្រើននោះ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ លោកម្ចាស់ឆ្លើយថា ម្នាលព្រាហ្មណ៍ ក្នុងកាលឥឡូវនេះ យើងទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលព្រះមានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីតថាគតទៅ នឹងបានជាទីពឹង នៃអ្នកទាំងឡាយ ដូច្នេះ មិនមានទេ។ កាលដែលខ្ញុំសួរថា បពិត្រព្រះអានន្ទ ដ៏ចំរើន ក្នុងកាលឥឡូវនេះ លោកម្ចាស់ទាំងឡាយ គប្បីប្រតិបត្តិតាមបុគ្គលណា បុគ្គលនោះ សូម្បីជាភិក្ខុមួយរូប ដែលសង្ឃសន្មតហើយ ឬដែលពួកភិក្ខុជាថេរៈច្រើនអង្គ បានតាំងទុកហើយថា ភិក្ខុនេះ អំណឹះអំពីព្រះមានព្រះភាគទៅ នឹងបានជាទីពឹងនៃអ្នកទាំងឡាយ ដូច្នេះ មានដែរឬទេ
ID: 636831768802399213
ទៅកាន់ទំព័រ៖