ព្រះត្រៃបិដក ភាគ ២៦
ភិក្ខុជាពហុស្សូត ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំទុកនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែលមានលំអខាងដើម មានលំអកណ្តាល មានលំអខាងចុង បរិបូណ៌ដោយអត្ថ បរិបូណ៌ដោយព្យញ្ជនៈ រមែងប្រកាសនូវព្រហ្មចរិយៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់គ្រាន់ ធម៌ទាំងឡាយមានសភាពដូច្នោះ ភិក្ខុនោះ បានចេះចាំ ដោយច្រើន បានទ្រង់ទុក ចាំស្ទាត់ រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ជ្រាលជ្រៅ ដោយទិដ្ឋិ គឺបញ្ញា១។ ភិក្ខុជាអ្នកសន្តោស ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខា១។ ភិក្ខុជាអ្នកបានដូចសេចក្តីប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ ដែលជាធម្មជាតអាស្រ័យនូវចិត្ត ដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន១។ ភិក្ខុបាននូវឫទ្ធិ ជាច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់វិញក៏បាន ដើរ (ចេញពីខាងក្នុង) ទៅកាន់ទីវាល ទីខាងក្រៅក៏បាន ដើរទម្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំក៏បាន ឥតទើសទាល់ ដូចជាដើរទៅក្នុងអាកាស ធ្វើនូវការងើបឡើង និងមុជចុះក្នុងផែនដី ដូចមុជក្នុងទឹកក៏បាន
ID: 636831770064351392
ទៅកាន់ទំព័រ៖