ព្រះត្រៃបិដក ភាគ ២៦
សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ (បានដល់) នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ បានដល់នូវតតិយជ្ឈាន... បានដល់នូវចតុត្ថជ្ឈាន ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលព្រាហ្មណ៍ ព្រះមានព្រះភាគ អង្គនោះ ទ្រង់សរសើរនូវឈាន មានសភាពដូច្នេះឯង។
[១១៨] បពិត្រព្រះអានន្ទដ៏ចំរើន បានឮថា ព្រះគោតមដ៏ចំរើនអង្គនោះ ទ្រង់តិះដៀលនូវឈាន ដែលគួរតិះដៀល ទ្រង់សរសើរនូវឈាន ដែលគួរសរសើរ បពិត្រព្រះអានន្ទដ៏ចំរើន ណ្ហើយចុះ យើងខ្ញុំនឹងសូមលាទៅ ក្នុងកាលឥឡូវនេះ ព្រោះយើងខ្ញុំបានកិច្ចច្រើន មានការងារច្រើន។ ម្នាលព្រាហ្មណ៍ អ្នកចូរសំគាល់ នូវកាលដែលគួរនឹងអញ្ជើញទៅ ឥឡូវនេះចុះ។ គ្រានោះ វស្សការព្រាហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអរ រីករាយនឹងភាសិត របស់ព្រះអានន្ទមានអាយុ ហើយក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។
ID: 636831772378713766
ទៅកាន់ទំព័រ៖