ព្រះត្រៃបិដក ភាគ ២៦
តើកម្មនោះ គេអាចបំបែរ ដោយសេចក្តីប្រឹងប្រែង ឬដោយសេចក្តីព្យាយាមថា សូមឲ្យផលជាទុក្ខវិញ ដូច្នេះបានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលជាទុក្ខ តើកម្មនោះ គេអាចបំបែរ ដោយសេចក្តីប្រឹងប្រែង ឬដោយសេចក្តីព្យាយាមថា សូមឲ្យផលជាសុខវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កម្មណា ឲ្យផលក្នុងអត្តភាព ដែលសម្រេចហើយ គឺអត្តភាពក្នុងបច្ចុប្បន្ន តើកម្មនោះ គេអាចបំបែរ ដោយសេចក្តីប្រឹងប្រែង ឬដោយសេចក្តីព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលមិនទាន់សម្រេច គឺអត្តភាពក្នុងបរលោកវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ចុះកម្មណា ឲ្យផលក្នុងអត្តភាព ដែលមិនទាន់ចាស់ក្លា តើកម្មនោះ គេអាចបំបែរ ដោយសេចក្តីប្រឹងប្រែង ឬដោយសេចក្តីព្យាយាមថា សូមឲ្យផលក្នុងអត្តភាព ដែលចាស់ក្លាវិញ ដូច្នេះ បានឬទេ។ ម្នាលអាវុសោ មិនបានទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច
ID: 636831622746585298
ទៅកាន់ទំព័រ៖