ព្រះត្រៃបិដក ភាគ ២៦
ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរសដែរឬ។ សូមទ្រង់ព្រះមេត្តាប្រោស មិនអាចស្គាល់ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ មិនមែនជាហេតុ មិនមែនជាឱកាសដែរ ត្រង់ដែលអសប្បុរស អាចស្គាល់នូវសប្បុរសថា អ្នកនេះ ជាសប្បុរស។
[១៣២] ម្នាលភិក្ខុទាំងឡាយ អសប្បុរស ជាអ្នកប្រកបដោយអសទ្ធម្ម (ធម៌ដ៏លាមក) មានការសេពគប់ជាអសប្បុរស មានគំនិតជាអសប្បុរស មានសេចក្តីប្រឹក្សាជាអសប្បុរស មានវាចាជាអសប្បុរស មានការងារជាអសប្បុរស មានទិដ្ឋិជាអសប្បុរស តែងឲ្យទានជាអសប្បុរស។
[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស ប្រកបដោយអសទ្ធម្ម ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អសប្បុរសក្នុងលោកនេះ មិនមានសទ្ធា មិនមានសេចក្តីខ្មាសបាប មិនមានសេចក្តីខ្លាចបាប ជាអ្នកចេះដឹងតិច ខ្ជិលច្រអូស ភ្លេចស្មារតី ឥតបញ្ញា ម្នាលភិក្ខុទាំងឡាយ អសប្បុរស ប្រកបដោយអសទ្ធម្ម យ៉ាងនេះឯង។
ID: 636831778590459058
ទៅកាន់ទំព័រ៖