ព្រះត្រៃបិដក ភាគ ២៦

ពួក​សមណព្រាហ្មណ៍​ក្នុង​លោក​ ​ដែល​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ល្អ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​នៃ​ខ្លួនឯង​ ​នូវ​លោក​នេះ​ផង​ ​លោកខាងមុខ​ផង​ ​ហើយ​អាច​នឹង​ប្រកាស​បាន​ ​រមែង​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​មាន​ទិដ្ឋិ​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សប្បុរស​ ​តែង​ឲ្យ​ទាន​ជា​សប្បុរស​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ក្នុង​លោក​នេះ​ ​ឲ្យ​ទាន​ដោយ​គោរព​ ​ធ្វើ​នូវ​សេចក្តី​កោតក្រែង​ ​ហើយ​ឲ្យ​ទាន​ ​ឲ្យ​ទាន​ដ៏​បរិសុទ្ធ​ ​មាន​សេចក្តី​យល់ឃើញ​នូវ​ផល​ ​ហើយ​ឲ្យ​ទាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​ ​តែង​ឲ្យ​ទាន​ជា​សប្បុរស​ ​យ៉ាងនេះ​ឯង​។​
 [​១៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សប្បុរស​នោះ​ឯង​ ​ប្រកបដោយ​ព្រះ​សទ្ធម្ម​យ៉ាងនេះ​ ​មានការ​សេពគប់​ ​ជា​សប្បុរស​យ៉ាងនេះ​ ​មានគំនិត​ជា​សប្បុរស​យ៉ាងនេះ​ ​មាន​សេចក្តី​ប្រឹក្សា​ជា​សប្បុរស​យ៉ាងនេះ​ ​មាន​វាចា​ជា​សប្បុរស​យ៉ាងនេះ​ ​មានការ​ងារ​ជា​សប្បុរស​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​ជា​សប្បុរស​យ៉ាងនេះ​ ​ឲ្យ​ទាន​ជា​សប្បុរស​យ៉ាងនេះ​ ​លុះ​មាន​រាងកាយ​បែកធ្លាយ​ទៅ​ ​ខាងមុខ​បន្ទាប់​អំពី​មរណៈ​ ​តែង​ទៅ​កើត​ក្នុង​គតិ​ ​របស់​សប្បុរស​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​គតិ​របស់​សប្បុរស​ ​តើ​ដូចម្តេច​ ​គតិ​របស់​សប្បុរស​នោះ​ ​គឺ​សភាព​ជា​ទេវតា​ដ៏​ស្តុកស្តម្ភ​ ​ឬ​សភាព​ជា​មនុស្ស​ដ៏​ស្តុកស្តម្ភ​។​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636831781257221588
ទៅកាន់ទំព័រ៖