ព្រះត្រៃបិដក ភាគ ២៦
អនុបទវគ្គ
អនុបទសូត្រ ទី១
[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គដ៏ចម្រើន។
[១៥៤] ព្រះមានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ជាអ្នកប្រាជ្ញ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាក្រាស់ ម្នាលភិក្ខុទាំងឡាយ សារីបុត្រមានប្រាជ្ញារហ័ស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាវាងវៃ ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាមុត ម្នាលភិក្ខុទាំងឡាយ សារីបុត្រ មានប្រាជ្ញាជាគ្រឿងទម្លាយនូវកិលេស ម្នាលភិក្ខុទាំងឡាយ សារីបុត្រ ឃើញច្បាស់ នូវធម្មវិបស្សនា តាមលំដាប់ អស់កន្លះខែ (ក៏បានសម្រេចព្រះអរហត្ត)។ ម្នាលភិក្ខុទាំងឡាយ ការណ៍នេះ សារីបុត្ររមែងមាន ក្នុងធម្មវិបស្សនា ជាលំដាប់នោះ។
ID: 636831781948021100
ទៅកាន់ទំព័រ៖