ព្រះត្រៃបិដក ភាគ ២៦

 [​១៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​សារីបុត្រ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូល​បឋមជ្ឈាន​ ​មាន​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​។​ ​ធម៌​ទាំងឡាយ​ ​គឺ​វិតក្កៈ​ ​វិចារៈ​ ​បីតិ​ ​សុខៈ​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិ​មោក្ខៈ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និ​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​បឋមជ្ឈាន​ ​ធម៌​ទាំងនោះ​ ​សារីបុត្រ​ ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​ដឹង​ច្បាស់​ ​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ក៏​តាំងនៅ​ ​ដឹង​ច្បាស់​ ​ក៏​ដល់​នូវ​កិរិយា​រលត់​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​មិនដែល​មាន​ ​ត្រឡប់ជា​មាន​ ​មាន​ហើយ​ ​ត្រឡប់ជា​គ្មាន​វិញ​ ​យ៉ាងនេះ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ក្នុង​ធម៌​ទាំងនោះ​ ​(​ដោយអំណាច​រាគៈ​)​ ​មិន​លិចលង់​ក្នុង​ធម៌​ទាំងនោះ​ ​(​ដោយ​បដិឃៈ​)​ ​មិន​អាស្រ័យ​ក្នុង​ធម៌​ទាំងនោះ​ ​(​ដោយ​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ ​មិន​ជាប់​ក្នុង​ធម៌​ទាំងនោះ​ ​(​ដោយ​ឆន្ទ​រាគៈ​)​ ​រួច​ស្រឡះ​ ​(​ចាក​រាគៈ​)​ ​ប្រាសចាក​ ​(​យោ​គៈ​)​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​តែង​មានដល់​សារីបុត្រ​នោះ​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636831782186304729
ទៅកាន់ទំព័រ៖