ព្រះត្រៃបិដក ភាគ ២៦
[១៥៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានស្មារតីផង មានសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយៈទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ។ ធម៌ទាំងឡាយ គឺឧបេក្ខា សុខៈ សតិ សម្បជញ្ញៈ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងតតិយជ្ឈាន ធម៌ទាំងនោះ សារីបុត្រ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងឡើង ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះមិនដែលមាន ត្រឡប់ជាមាន មានហើយ ត្រឡប់ជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ តែងមានដល់សារីបុត្រនោះ។
ID: 636831782720355275
ទៅកាន់ទំព័រ៖