ព្រះត្រៃបិដក ភាគ ២៦
[១៥៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រ ព្រោះលះបង់នូវសុខផង លះបង់នូវទុក្ខផង ដល់នូវសេចក្តីវិនាសនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូលកាន់ចតុត្ថជ្ឈាន មិនមានទុក្ខ មិនមានសុខ មានតែសតិដ៏បរិសុទ្ធ ដោយឧបេក្ខា។ ធម៌ទាំងឡាយ គឺឧបេក្ខា អទុក្ខមសុខវេទនា សេចក្តីបរិសុទ្ធិ ការមិនចងចិត្ត សតិបរិសុទ្ធិ ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងចតុត្ថជ្ឈាន ធម៌ទាំងនោះ ដែលសារីបុត្រនោះ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ដឹងច្បាស់ ក៏កើតឡើង ដឹងច្បាស់ក៏តាំងនៅ ដឹងច្បាស់ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន មានហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ (ចាកកាមរាគៈ) ប្រាសចាក (យោគៈ) មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ តែងមានដល់សារីបុត្រនោះ។
ID: 636831783010881892
ទៅកាន់ទំព័រ៖