ព្រះត្រៃបិដក ភាគ ២៦

 [​១៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សារីបុត្រ​កន្លង​បង់​នូវ​រូបសញ្ញា​ទាំងឡាយ​ ​ដោយសព្វគ្រប់​ ​ដល់​នូវ​សេចក្តី​វិនាស​ ​នៃ​បដិឃ​សញ្ញា​ ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​នានត្ត​សញ្ញា​ ​ហើយ​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​។​ ​ធម៌​ទាំងឡាយ​ ​គឺ​អាកាសានញ្ចាយតន​សញ្ញា​ ​ចិ​ត្តេ​ក​គ្គ​តា​ ​ផស្សៈ​ ​វេទនា​ ​សញ្ញា​ ​ចេតនា​ ​វិញ្ញាណ​ ​ឆន្ទៈ​ ​អធិ​មោក្ខៈ​ ​វីរិយៈ​ ​សតិ​ ​ឧបេក្ខា​ ​និង​មនសិ​កា​រៈ​ណា​ ​ដែល​មាន​ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​នោះ​ ​បាន​កំណត់​តាមលំដាប់​ហើយ​ ​ធម៌​ទាំងនោះ​ ​ដែល​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​កើតឡើង​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​តាំងនៅ​ ​ដឹង​ច្បាស់​ហើយ​ ​ក៏​ដល់​នូវ​កិរិយា​រលត់​ទៅ​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​ធម៌​ទាំងនេះ​ ​មិនដែល​មាន​ ​ត្រឡប់ទៅ​ជា​មាន​ ​ធ្លាប់​មាន​ ​ត្រឡប់ទៅ​ជា​គ្មាន​វិញ​ ​យ៉ាងនេះ​។​ ​សារីបុត្រ​នោះ​ ​មិន​លុះ​ ​មិន​លិចលង់​ ​មិន​អាស្រ័យ​នៅ​ ​មិន​ជាប់​នៅ​ ​ក្នុង​ធម៌​ទាំងនោះ​ ​ជា​អ្នក​រួច​ស្រឡះ​ ​(​ចាក​កាម​រាគៈ​)​ ​ប្រាសចាក​ ​(​យោ​គៈ​)​ ​មានចិត្ត​មិន​រពើតរពើង​។​ ​សារីបុត្រ​នោះ​ ​ដឹង​ច្បាស់​ថា​ ​និស្សរណ​ធម៌​ ​គឺ​ការ​រលាស់ខ្លួន​ ​ចេញ​ចាក​ភព​ ​នៅ​មានត​ទៅទៀត​។​ ​ការ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​និស្សរណ​ធម៌​នោះ​ ​តែង​មានដល់​សារីបុត្រ​នោះ​។​ ​
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636831783238054885
ទៅកាន់ទំព័រ៖