ព្រះត្រៃបិដក ភាគ ២៦
[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលកាន់វិញ្ញាណញ្ចាយតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ធម៌ទាំងឡាយ គឺវិញ្ញាណញ្ចាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងវិញ្ញាណញ្ចាយតនជ្ឈាន ដែលសារីបុត្រនោះ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយ ក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់ទៅ។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនេះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មានហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់ចំពាក់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ រមែងមានដល់សារីបុត្រនោះ។
ID: 636831783477328571
ទៅកាន់ទំព័រ៖