ព្រះត្រៃបិដក ភាគ ២៦
[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួចមិនមានដូច្នេះ។ ធម៌ទាំងឡាយ គឺអាកិញ្ចញ្ញាយតនសញ្ញា ចិត្តេកគ្គតា ផស្សៈ វេទនា សញ្ញា ចេតនា វិញ្ញាណ ឆន្ទៈ អធិមោក្ខៈ វីរិយៈ សតិ ឧបេក្ខា និងមនសិការៈណា ដែលមានក្នុងអាកិញ្ចញ្ញាយតនជ្ឈាន ធម៌ទាំងនោះ គឺសារីបុត្រនោះ បានកំណត់តាមលំដាប់ហើយ ធម៌ទាំងនោះ ដែលសារីបុត្រនោះ ដឹងច្បាស់ហើយ ក៏កើតឡើង ដឹងច្បាស់ហើយក៏តាំងនៅ ដឹងច្បាស់ហើយ ក៏ដល់នូវកិរិយារលត់។ សារីបុត្រនោះ ដឹងច្បាស់យ៉ាងនេះថា ធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ធ្លាប់មានហើយ ត្រឡប់ទៅជាគ្មានវិញ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ រមែងមានដល់សារីបុត្រនោះ។
ID: 636831783698581226
ទៅកាន់ទំព័រ៖