ព្រះត្រៃបិដក ភាគ ២៦
[១៦២] ម្នាលភិក្ខុទាំងឡាយ មួយទៀត សារីបុត្រកន្លងផុត នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន។ សារីបុត្រនោះ ជាអ្នកមានស្មារតីចេញចាកសមាបត្តិនោះ។ លុះសារីបុត្រនោះ មានស្មារតីចេញចាកសមាបត្តិនោះហើយ ក៏ពិចារណាឃើញ នូវពួកធម៌ ដែលកន្លងទៅ រលត់ទៅ ប្រែប្រួលទៅហើយថា ពួកធម៌ទាំងនោះ មិនដែលមាន ត្រឡប់ទៅជាមាន ដែលធ្លាប់មានហើយ ត្រឡប់ទៅជាគ្មានវិញ យ៉ាងនេះ។ សារីបុត្រនោះ មិនលុះ មិនលិចលង់ មិនអាស្រ័យនៅ មិនជាប់នៅ ក្នុងធម៌ទាំងនោះឡើយ ជាអ្នករួចស្រឡះ ចាកកាមរាគៈ ប្រាសចាកយោគៈ មានចិត្តមិនរពើតរពើង។ សារីបុត្រនោះ ដឹងច្បាស់ថា និស្សរណធម៌ គឺការរលាស់ខ្លួន ចេញចាកភព នៅមានតទៅទៀត។ ការធ្វើឲ្យរឿយៗ នូវនិស្សរណធម៌នោះ រមែងមានដល់សារីបុត្រនោះ។
ID: 636831783910943372
ទៅកាន់ទំព័រ៖