ព្រះត្រៃបិដក ភាគ ២៦
បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះ ម្នាលភិក្ខុទាំងឡាយ ពួកនិគ្រន្ថមានសេចក្តីប្រឹងប្រែង ក្នុងបច្ចុប្បន្ននេះអាក្រក់ បានជាក្នុងកាលឥឡូវនេះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា យ៉ាងនេះ១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុន ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែកម្ម ដែលខ្លួនបានធ្វើទុក ក្នុងកាលមុនក៏ដោយ ពួកនិគ្រន្ថ ក៏គង់តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែព្រះឥសូរ តាក់តែងឲ្យក៏ដោយ ពួកនិគ្រន្ថ ក៏គង់តែវិញ្ញូជន តិះដៀលបាន១។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វ រងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈ ពួកនិគ្រន្ថ ក៏គួរវិញ្ញូជនតិះដៀលបាន បើទុកជាពួកសត្វ មិនរងសុខ និងទុក្ខ ព្រោះហេតុតែសង្គតិ និងភាវៈក៏ដោយ
ID: 636831624084991851
ទៅកាន់ទំព័រ៖