ព្រះត្រៃបិដក ភាគ ២៦
អាត្មាអញ ជាអ្នកទ្រទ្រង់នូវវិន័យ ឯពួកភិក្ខុដទៃទាំងនេះ មិនដែលជាអ្នកទ្រទ្រង់នូវវិន័យទេ។ ភិក្ខុនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែការទ្រទ្រង់នូវវិន័យនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះហេតុតែការទ្រទ្រង់នូវវិន័យទេ បើភិក្ខុមិនទ្រទ្រង់នូវវិន័យពិតមែន តែភិក្ខុនោះ ជាអ្នកប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ជាអ្នកប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែការទ្រទ្រង់នូវវិន័យនោះទេ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831792532296485
ទៅកាន់ទំព័រ៖