ព្រះត្រៃបិដក ភាគ ២៦
[១៨៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាធម្មកថិក។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អញជាធម្មកថិក ឯពួកភិក្ខុឯទៀតទាំងនេះ មិនមែនជាធម្មកថិកទេ។ ភិក្ខុនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាធម្មកថិកនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះហេតុតែខ្លួនជាធម្មកថិកទេ បើភិក្ខុមិនមែនជាធម្មកថិកទេ តែភិក្ខុនោះ ប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាធម្មកថិកនោះទេ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831792816842761
ទៅកាន់ទំព័រ៖