ព្រះត្រៃបិដក ភាគ ២៦
[១៨៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាអ្នកប្រព្រឹត្តនៅតែក្នុងព្រៃ។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកនៅក្នុងព្រៃ ឯពួកភិក្ខុឯទៀតទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តនៅក្នុងព្រៃទេ។ ភិក្ខុនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនជាអ្នកនៅក្នុងព្រៃនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះហេតុតែខ្លួនជាអ្នកនៅក្នុងព្រៃទេ បើភិក្ខុមិនមែនជាអ្នកនៅក្នុងព្រៃទេ តែភិក្ខុនោះ ប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួននៅក្នុងព្រៃនោះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831793044935807
ទៅកាន់ទំព័រ៖