ព្រះត្រៃបិដក ភាគ ២៦

 [​១៨៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អសប្បុរស​ ​ជា​អ្នក​ប្រព្រឹត្ត​បង្សុកូល​។​ ​អសប្បុរស​នោះ​ ​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ជា​អ្នក​ប្រព្រឹត្ត​បង្សុកូល​ ​ឯ​ពួក​ភិក្ខុ​ឯទៀត​ទាំងនេះ​ ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បង្សុកូល​ទេ​។​ ​ភិក្ខុ​នោះ​ ​លើកតម្កើង​ខ្លួនឯង​ ​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះហេតុតែ​ខ្លួន​ជា​អ្នក​ប្រព្រឹត្ត​បង្សុកូល​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​ ​អសប្បុរិសធម៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​សប្បុរស​ ​តែង​ពិចារណា​ឃើញ​ ​ដូច្នេះ​ថា​ ​លោភ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​ទោស​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មោហ​ធម៌​ទាំងឡាយ​ ​អស់​ទៅ​ក្តី​ ​មិនមែន​ព្រោះហេតុតែ​ខ្លួន​ប្រព្រឹត្ត​បង្សុកូល​ទេ​ ​បើ​មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បង្សុកូល​ទេ​ ​តែ​ភិក្ខុ​នោះ​ ​ប្រព្រឹត្ត​តាម​ធម៌​ ​សមគួរ​ដល់​ធម៌​ ​ប្រតិបត្តិ​ដោយ​សេចក្តី​កោតក្រែង​ ​ប្រព្រឹត្ត​តាម​ធម៌​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​បូជា​ ​របស់​ភិក្ខុ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​គួរ​ជាទី​សរសើរ​ ​របស់​ភិក្ខុ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ធ្វើ​នូវ​បដិបទា​ ​ឲ្យ​តាំងនៅ​ខាងក្នុង​ ​ហើយ​មិន​លើកតម្កើង​ខ្លួនឯង​ ​មិន​បន្តុះ​បង្អាប់​អ្នកដទៃ​ ​ព្រោះហេតុតែ​ខ្លួន​ប្រព្រឹត្ត​បង្សុកូល​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ ​ឈ្មោះថា​សប្បុរិសធម៌​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636831793284059484
ទៅកាន់ទំព័រ៖