ព្រះត្រៃបិដក ភាគ ២៦
[១៨៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាអ្នកប្រព្រឹត្តបិណ្ឌបាត។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ឯពួកភិក្ខុដទៃទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តបិណ្ឌបាតទេ។ ភិក្ខុនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែខ្លួនប្រព្រឹត្តបិណ្ឌបាតនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះហេតុតែខ្លួនប្រព្រឹត្តបិណ្ឌបាតទេ បើមិនជាអ្នកប្រព្រឹត្តបិណ្ឌបាតទេ តែភិក្ខុនោះ ជាអ្នកប្រតិបត្តិតាមធម៌ សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើនូវបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនប្រព្រឹត្តបិណ្ឌបាតនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831793528943490
ទៅកាន់ទំព័រ៖