ព្រះត្រៃបិដក ភាគ ២៦
[១៩០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ជាអ្នកប្រព្រឹត្តនៅតែក្នុងព្រៃស្មសាន... ប្រព្រឹត្តនៅតែក្នុងទីវាល... ប្រព្រឹត្តតែនេសជ្ជិក ប្រព្រឹត្តតែយថាសន្ថតិកៈ... ប្រព្រឹត្តតែឯកាសនិកៈ។ ភិក្ខុនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកប្រព្រឹត្តឯកាសនិកៈ ឯពួកភិក្ខុដទៃទាំងនេះ មិនមែនជាអ្នកប្រព្រឹត្តឯកាសនិកៈទេ។ ភិក្ខុនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនប្រព្រឹត្តឯកាសនិកៈនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា លោភធម៌ទាំងឡាយ អស់ទៅក្តី ទោសធម៌ទាំងឡាយ អស់ទៅក្តី មោហធម៌ទាំងឡាយ អស់ទៅក្តី មិនមែនព្រោះតែខ្លួនប្រព្រឹត្តឯកាសនិកៈទេ បើមិនជាអ្នកប្រព្រឹត្តឯកាសនិកៈ តែភិក្ខុនោះ ជាអ្នកប្រតិបត្តិតាមធម៌ ដ៏សមគួរដល់ធម៌ ប្រតិបត្តិដោយសេចក្តីកោតក្រែង ប្រព្រឹត្តតាមធម៌ ភិក្ខុនោះ គួរជាទីបូជា របស់ភិក្ខុទាំងនោះ ភិក្ខុនោះ គួរជាទីសរសើរ របស់ភិក្ខុទាំងនោះ។ ភិក្ខុនោះ ធ្វើបដិបទា ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុតែខ្លួនប្រព្រឹត្តឯកាសនិកៈនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា សប្បុរិសធម៌។
ID: 636831794007250848
ទៅកាន់ទំព័រ៖