ព្រះត្រៃបិដក ភាគ ២៦
[១៩២] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះរម្ងាប់វិតក្កៈ វិចារៈ រួចក៏ចូលកាន់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាពជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណេះ... ចូលកាន់តតិយជ្ឈាន... ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ អសប្បុរសនោះ ពិចារណាឃើញដូច្នេះថា អាត្មាអញ ជាអ្នកបាននូវចតុត្ថជ្ឈានសមាបត្តិឯពួកភិក្ខុដទៃទាំងនេះ មិនបានចតុត្ថជ្ឈានសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែបានចតុត្ថជ្ឈានសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស តែងពិចារណាឃើញ ដូច្នេះថា សេចក្តីមិនញាប់ញ័រក្នុងអារម្មណ៍ ដែលព្រះអង្គសំដែង ដោយចតុត្ថជ្ឈានសមាបត្តិ ពួកភិក្ខុ រមែងសំគាល់សេចក្តីមិនញាប់ញ័រ ដោយធម្មជាតណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែចតុត្ថជ្ឈានសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831794482728044
ទៅកាន់ទំព័រ៖