ព្រះត្រៃបិដក ភាគ ២៦
[១៩៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតអាកាសានញ្ចាយតនសមាបត្តិ ដោយសព្វគ្រប់ ហើយចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ អសប្បុរសនោះ ពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវវិញ្ញាណញ្ចាយតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនោះ មិនបាននូវវិញ្ញាណញ្ចាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះហេតុវិញ្ញាណញ្ចាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងពិចារណាឃើញ ដូច្នេះថា សេចក្តីមិនញាប់ញ័រ ដែលព្រះមានបុណ្យ សំដែងហើយ ដោយវិញ្ញាណញ្ចាយតនសមាបត្តិ ពួកភិក្ខុ តែងសំគាល់នូវវិញ្ញាណញ្ចាយតនសមាបត្តិ ដោយធម្មជាតណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែវិញ្ញាណញ្ចាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831794973956140
ទៅកាន់ទំព័រ៖