ព្រះត្រៃបិដក ភាគ ២៦
[១៩៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតវិញ្ញាណញ្ចាយតនសមាបត្តិ ដោយសព្វគ្រប់ ហើយចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវអាកិញ្ចញ្ញាយតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនេះ មិនមែនជាអ្នកបាននូវអាកិញ្ចញ្ញាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែអាកិញ្ចញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងពិចារណាឃើញ ដូច្នេះថា សេចក្តីមិនញាប់ញ័រ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយអាកិញ្ចញ្ញាយតនសមាបត្តិ ពួកភិក្ខុ តែងសំគាល់នូវអាកិញ្ចញ្ញាយតនសមាបត្តិ ដោយធម្មជាតណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែអាកិញ្ចញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831795214019871
ទៅកាន់ទំព័រ៖