ព្រះត្រៃបិដក ភាគ ២៦
[១៩៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត អសប្បុរស ព្រោះកន្លងផុតអាកិញ្ចញ្ញាយតនសមាបត្តិ ហើយចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិ។ អសប្បុរសនោះ តែងពិចារណាឃើញ ដូច្នេះថា អាត្មាអញ ជាអ្នកបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឯពួកភិក្ខុដទៃទាំងនេះ មិនមែនជាអ្នកបាននូវនេវសញ្ញានាសញ្ញាយតនសមាបត្តិទេ។ អសប្បុរសនោះ លើកតម្កើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ព្រោះតែនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា អសប្បុរិសធម៌។ ម្នាលភិក្ខុទាំងឡាយ ឯសប្បុរស រមែងពិចារណាឃើញ ដូច្នេះថា សេចក្តីមិនញាប់ញ័រ ក្នុងអារម្មណ៍ ដែលព្រះមានព្រះភាគ សំដែងហើយ ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ពួកភិក្ខុសំគាល់នូវនេវសញ្ញានាសញ្ញាយតនសមាបត្តិ ដោយធម្មជាតណាៗ ធម្មជាតនោះៗ នឹងទៅជាដទៃវិញ។ ភិក្ខុនោះ ធ្វើនូវសេចក្តីមិនញាប់ញ័រ ឲ្យតាំងនៅខាងក្នុង ហើយមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ព្រោះតែនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថាសប្បុរិសធម៌។
ID: 636831795441412877
ទៅកាន់ទំព័រ៖