ព្រះត្រៃបិដក ភាគ ២៦
បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តីពេញចិត្តខ្លាំង មានសេចក្តីចង់បានខ្លាំង ចំពោះស្ត្រីនោះ បានជា សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើងបាន ព្រោះឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹងបុរសឯទៀត។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អញ មានចិត្តត្រេក មានចិត្តប្រតិព័ទ្ធ មានសេចក្តីពេញចិត្តខ្លាំង មានសេចក្តីចង់បានខ្លាំង ចំពោះស្ត្រីនោះ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត កើតឡើង ដល់អញនោះ ព្រោះតែឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹងបុរសឯទៀត បើដូច្នោះ អញគួរតែលះបង់ចោល នូវសេចក្តីត្រេកត្រអាល របស់អញ ចំពោះស្ត្រីនោះចេញ។ សេចក្តីត្រេកត្រអាលណា ចំពោះស្ត្រីនោះ បុរសនោះ ក៏លះបង់ នូវសេចក្តីត្រេកត្រអាលនោះចេញ។ លុះសម័យខាងក្រោយមក បុរសនោះ ឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹងបុរសឯទៀត។
ID: 636831625255308789
ទៅកាន់ទំព័រ៖