ព្រះត្រៃបិដក ភាគ ២៦
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច តើសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើតឡើង ដល់បុរស ដែលឃើញស្ត្រីនោះ កំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹងបុរសឯទៀតនោះ ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនកើតឡើងទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ លែងមានសេចក្តីត្រេក ចំពោះស្ត្រីនោះហើយ បានជាសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ តូចចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតឡើង ព្រោះឃើញស្ត្រីនោះ ដែលកំពុងឈរជិត កំពុងនិយាយ កំពុងសើច កំពុងញញឹម ជាមួយនឹងបុរសឯទៀត។
 [១៤] ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុ មិនយកសេចក្តីទុក្ខមកគ្របសង្កត់ខ្លួន ដែលមិនធ្លាប់មានទុក្ខគ្របសង្កត់ផង មិនលះបង់សុខប្រកបដោយធម៌ផង ជាអ្នកមិនជ្រុលជ្រប់ទៅក្នុងសុខនោះផង។ ភិក្ខុនោះ រមែងដឹងច្បាស់យ៉ាងនេះថា កាលបើអាត្មាអញ ផ្គងសេចក្តីព្យាយាម តណ្ហា ជាហេតុកើតឡើង នៃទុក្ខនេះឯង រមែងវិនាស ព្រោះការផ្គងនូវសេចក្តីព្យាយាម មួយទៀត កាលបើអាត្មាអញ ព្រងើយកន្តើយ ចម្រើនឧបេក្ខា តណ្ហា ជាហេតុកើតឡើង នៃទុក្ខនេះ ក៏រមែងវិនាសដែរ។
            
            
         
        
            
                ID: 636831625562716372 
                
            
            
                ទៅកាន់ទំព័រ៖