ព្រះត្រៃបិដក ភាគ ២៦
[២២២] ម្នាលសារីបុត្រ កាលបុគ្គលសេពកាយសមាចារ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។ ម្នាលសារីបុត្រ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ មានចិត្តអាក្រក់ មានបាតដៃប្រឡាក់ដោយឈាម ជាបុគ្គលតាំងមាំ ក្នុងការកាប់សម្លាប់អ្នកដទៃ មិនមានសេចក្តីអាណិត ចំពោះសត្វទាំងឡាយ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនឲ្យ ទ្រព្យណា ជារបស់អ្នកដទៃ ជាគ្រឿងឧបករណ៍ របស់បុគ្គលដទៃ ដែលនៅក្នុងស្រុកក្តី នៅក្នុងព្រៃក្តី ជាអ្នកកាន់យកទ្រព្យនោះ ដែលគេមិនឲ្យ ដែលរាប់ចូលក្នុងការលួច ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ពួកស្រីណា ដែលមាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ជាស្រីមានប្តី ស្រីមានអាជ្ញា ដោយហោចទៅ សូម្បីស្រីដែលគេនាវទុក ដោយផ្កាកម្រង ជាអ្នកដល់នូវការប្រព្រឹត្តកន្លងចំពោះពួកស្រី មានសភាពដូច្នោះ។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវកាយសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ។
ID: 636831803012015891
ទៅកាន់ទំព័រ៖