ព្រះត្រៃបិដក ភាគ ២៦
ស្រីមានអាជ្ញា ដោយហោចទៅ សូម្បីស្រីដែលគេនាវទុក ដោយផ្កាកម្រង ជាអ្នកមិនដល់នូវការប្រព្រឹត្តកន្លង ចំពោះពួកស្រីមានសភាពដូច្នោះឡើយ។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវកាយសមាចារ មានសភាពយ៉ាងនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវកាយសមាចារ ថាមានពីរយ៉ាង គឺកាយសមាចារគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែង នូវកាយសមាចារនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។
[២២៤] ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងនូវវចីសមាចារ។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវមនោសមាចារ... ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវចិត្តុប្បាទ... ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវសញ្ញាបដិលាភ (ការបានចំពោះនូវសញ្ញា)... ម្នាលភិក្ខុទាំងឡាយ តថាគត សំដែងនូវទិដ្ឋិប្បដិលាភ (ការបានចំពោះនូវទិដ្ឋិ)... ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងនូវអត្តភាវប្បដិលាភ (ការបានចំពោះនូវអត្តភាព) ថាមានពីរយ៉ាង
ID: 636831803569337768
ទៅកាន់ទំព័រ៖