ព្រះត្រៃបិដក ភាគ ២៦
[២២៦] ម្នាលសារីបុត្រ កាលបុគ្គលសេពនូវអត្តភាវប្បដិលាភ មានសភាពដូចម្តេច អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវអត្តភាវប្បដិលាភ មិនមានទុក្ខ ឲ្យកើតឡើងហើយ អកុសលធម៌ទាំងឡាយ តែងសាបសូន្យ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ព្រោះអស់ភពដាច់ស្រឡះ។ ត្រង់ពាក្យដែលតថាគតសំដែងហើយថា ម្នាលភិក្ខុទាំងឡាយ តថាគតសំដែងអត្តភាវប្បដិលាភ ថាមានពីរយ៉ាង គឺអត្តភាវប្បដិលាភគួរសេព១ មិនគួរសេព១ មួយទៀត តថាគតសំដែងនូវអត្តភាវប្បដិលាភនោះ ទីទៃៗពីគ្នា ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។ ម្នាលសារីបុត្រ ភាសិតសង្ខេប ដែលតថាគត មិនបានចែករំលែកសេចក្តីដោយពិស្តារនេះឯង អ្នកត្រូវយល់សេចក្តីដោយពិស្តារ យ៉ាងនេះចុះ។
ID: 636831804051185328
ទៅកាន់ទំព័រ៖