ព្រះត្រៃបិដក ភាគ ២៦
។បេ។ ផោដ្ឋព្វៈ ដែលត្រូវដឹងដោយកាយ មានសភាពយ៉ាងនេះ បុគ្គលគួរសេព។បេ។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ តើតថាគត សំដែង សំដៅហេតុដូចម្តេច។ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងណា អកុសលធម៌ទាំងឡាយ តែងចម្រើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ ធម្មារម្មណ៍ដែលត្រូវដឹងដោយចិត្ត មានសភាពដូច្នោះ បុគ្គលមិនគួរសេពឡើយ ម្នាលសារីបុត្រ កាលបុគ្គលសេពនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពយ៉ាងណា ទើបអកុសលធម៌ទាំងឡាយ សាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចម្រើនឡើង ធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត មានសភាពដូច្នោះ បុគ្គលគួរសេព។ ត្រង់ពាក្យដែលតថាគតសំដែងថា ម្នាលសារីបុត្រ តថាគតសំដែងនូវធម្មារម្មណ៍ ដែលត្រូវដឹងដោយចិត្ត ថាមានពីរយ៉ាង គឺធម្មារម្មណ៍គួរសេព១ មិនគួរសេព១ ដូច្នេះនុ៎ះ គឺតថាគតសំដែង សំដៅហេតុនេះឯង។ ម្នាលសារីបុត្រ ភាសិតសង្ខេបនេះឯង អ្នកត្រូវដឹងសេចក្តីអធិប្បាយ ដោយពិស្តារ យ៉ាងនេះចុះ។
ID: 636831810668673827
ទៅកាន់ទំព័រ៖