ព្រះត្រៃបិដក ភាគ ២៦
ជាលោកុត្តរៈ ជាអង្គនៃមគ្គ។ បុគ្គលនោះ ព្យាយាម ដើម្បីលះបង់ នូវមិច្ឆាកម្មន្តៈ ដើម្បីបំពេញនូវសម្មាកម្មន្តៈ។ សេចក្តីព្យាយាមនោះ ជាសម្មាវាយាមៈ របស់បុគ្គលនោះ។ បុគ្គលនោះ មានសតិលះបង់នូវមិច្ឆាកម្មន្តៈ មានសតិផ្តេកផ្តួលចិត្ត ទៅរកសម្មាកម្មន្តៈ ហើយសម្រេចសម្រាន្តនៅ។ សតិនោះ ជាសម្មាសតិ របស់បុគ្គលនោះ។ ធម៌ទាំង៣ប្រការនេះ គឺសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសតិ តែងតាមចោមរោម នូវសម្មាកម្មន្តៈ ដោយប្រការដូច្នេះ។
[២៧៤] ម្នាលភិក្ខុទាំងឡាយ បណ្តាមគ្គទាំងនោះ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន។ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ ជាធម្មជាតិដល់មុន តើដូចម្តេច។ បុគ្គលដឹងច្បាស់នូវមិច្ឆាអាជីវៈ ថាជាមិច្ឆាអាជីវៈ ដឹងច្បាស់នូវសម្មាអាជីវៈ ថាជាសម្មាអាជីវៈ។ សេចក្តីដឹងច្បាស់នោះ ជាសម្មាទិដ្ឋិ របស់បុគ្គលនោះ។
[២៧៥] ម្នាលភិក្ខុទាំងឡាយ មិច្ឆាអាជីវៈ តើដូចម្តេច។ ការធ្វើសត្វលោកឲ្យស្ងើច និយាយលួងចងចិត្តគ្រហស្ថ ធ្វើបញ្ឆិតបញ្ឆៀងអួត លើកតំកើងខ្លួន ស្វែងលាភ ទាក់លាភ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា មិច្ឆាអាជីវៈ។
ID: 636831823421213230
ទៅកាន់ទំព័រ៖