ព្រះត្រៃបិដក ភាគ ២៦
រមែងបាននូវសទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធា ដូច្នោះហើយ ក៏ពិចារណា ដូច្នេះថា ឃរាវាស ចង្អៀតចង្អល់ណាស់ ជាផ្លូវនៃធូលី គឺកិលេស មានតែបព្វជ្ជា ទើបមានឱកាសទំនេរ បុគ្គល ជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ដូចស័ង្ខ ដែលគេខាត់ហើយនោះបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់សំពត់ជ្រលក់ទឹកអម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់គំនរភោគៈច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិវង្សច្រើនក្តី កោរសក់ ពុកមាត់ ពុកចង្កា រួចហើយស្លៀកដណ្តប់សំពត់ជ្រលក់ទឹកអម្ចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ កាលបើបុគ្គលនោះ បានបួសយ៉ាងនេះហើយ ក៏សមាទានសិក្ខា និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់បាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ជាអ្នកដាក់ចុះ នូវគ្រឿងវាយដំ ដាក់ចុះនូវគ្រឿងសស្ត្រាវុធ
ID: 636831627220151172
ទៅកាន់ទំព័រ៖