ព្រះត្រៃបិដក ភាគ ២៦

ភិក្ខុ​ទាំងឡាយ​ ​អ្នក​នៅក្នុង​ជនបទ​ ​បានឮ​ដំណឹង​ថា​ ​ព្រះមានព្រះភាគ​ ​នឹង​រង់ចាំ​ ​ក្នុង​ក្រុង​សាវត្ថី​នោះ​ឯង​ ​អស់​ទីបំផុត​នៃ​ខែ​បួន​ ​ដែល​ជា​កាល​មាន​ផ្កា​កុមុទ​រីក​។​ ​ទើប​ភិក្ខុ​អ្នក​នៅក្នុង​ជនបទ​ទាំងនោះ​ ​ប្រជុំ​គ្នា​ក្នុង​ក្រុង​សាវត្ថី​ ​ដើម្បី​ជួបនឹង​ព្រះមានព្រះភាគ​។​ ​ចំណែក​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​នោះ​ ​ក៏​ទូន្មាន​ ​ប្រៀនប្រដៅ​ពួក​ភិក្ខុ​ថ្មី​ ​ឲ្យលើស​ជាង​ប្រមាណ​។​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ១០រូប​ ​ក៏​មាន​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ២០រូប​ ​ក៏​មាន​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ៣០រូប​ ​ក៏​មាន​ ​ភិក្ខុ​ជា​ថេរៈ​ពួក​ខ្លះ​ ​ទូន្មាន​ ​ប្រៀនប្រដៅ​ភិក្ខុ៤០រូប​ ​ក៏​មាន​។​ ​ចំណែក​ភិក្ខុ​ថ្មី​អម្បាល​នោះ​ ​កាល​ពួក​ភិក្ខុ​ជា​ថេរៈ​ ​កំពុង​ទូន្មាន​ ​ប្រៀនប្រដៅ​ ​ក៏​ដឹងគុណ​វិសេស​ជា​ឱឡារិក​ជាង​ដើម​តទៅទៀត​។​
 [​២៨៤​]​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​មាន​ភិក្ខុសង្ឃ​ចោមរោម​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​ ​ក្នុង​រាត្រី​មាន​ព្រះចន្ទ្រ​ពេញវង់​ ​ជា​រាត្រី​មាន​រដូវភ្លៀង​គ្រប់គ្រាន់​ហើយ​ ​ជាទីបំផុត​នៃ​ខែ​បួន​ ​ជា​កាល​មាន​ផ្កា​កុមុទ​រីក​ ​ជា​ថ្ងៃឧបោសថ​ទី១៥​ ​គឺ​ពេញបូណ៌មី​ ​ខែកត្តិក​។
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636831826053533791
ទៅកាន់ទំព័រ៖