ព្រះត្រៃបិដក ភាគ ២៦
ថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ បណ្តាកាយទាំងឡាយ តថាគត ពោលចំពោះតែកាយណានីមួយ ដែលដកដង្ហើមចេញចូលប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ឈ្មោះថា ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស ប្រកបដោយប្រាជ្ញាដឹងសព្វ មានស្មារតី ជាគ្រឿងកំណត់ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ក្នុងសម័យនោះ។ សម័យណា ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសុខ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ (ដែលគ្រោតគ្រាត) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល
ID: 636831828361145778
ទៅកាន់ទំព័រ៖