ព្រះត្រៃបិដក ភាគ ២៦
[២៩៣] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងវេលារសៀល ហើយស្តេចចូលទៅកាន់ឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេតែងតាំងថ្វាយ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ បានត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា ដោយកថាអ្វី មួយទៀត កថាអ្វីក្នុងចន្លោះនេះ ដែលអ្នកទាំងឡាយ និយាយមិនទាន់ចប់។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ពួកខ្ញុំព្រះអង្គ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា កើតកថាក្នុងចន្លោះនេះថា ម្នាលអ្នកមានអាយុទាំងឡាយ អស្ចារ្យណាស់ ម្នាលអ្នកមានអាយុទាំងឡាយ ចំឡែកណាស់ កាយគតាសតិ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗហើយ ព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ត្រាស់សរសើរថា មានផលច្រើន មានអានិសង្សច្រើន ដោយពិត បពិត្រព្រះអង្គដ៏ចំរើន នេះជាកថាក្នុងចន្លោះ ដែលពួកខ្ញុំព្រះអង្គ និយាយមិនទាន់ចប់ ស្រាប់តែព្រះអង្គស្តេចមកដល់។
ID: 636831831412970333
ទៅកាន់ទំព័រ៖