ព្រះត្រៃបិដក ភាគ ២៦
[២៩៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលបុគ្គលបានចម្រើនដូចម្តេច បានធ្វើឲ្យរឿយៗដូចម្តេច ទើបមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទៅកាន់ព្រៃក្តី ទៅកាន់ម្លប់ឈើក្តី ទៅកាន់ផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់ស្មារតី ឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មានស្មារតីដកដង្ហើមចេញ មានស្មារតីដកដង្ហើមចូល។ ភិក្ខុ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចេញទាំងពួង និងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដង្ហើមចូលទាំងពួង និងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចេញ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវកាយសង្ខារ គឺដង្ហើមចូល នឹងដកដង្ហើមចូល។
ID: 636831831628722673
ទៅកាន់ទំព័រ៖