ព្រះត្រៃបិដក ភាគ ២៦
បាណកជាតិ (សត្វតូចៗ មានដង្កូវជាដើម) ទាំងឡាយផ្សេងៗ កំពុងជញ្ជក់ស៊ីក្តី ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះ ក៏គង់នឹងមានសភាពយ៉ាងនេះ គង់នឹងក្លាយទៅជាយ៉ាងនេះ នឹងកន្លងនូវភាវៈយ៉ាងនេះ ពុំបានឡើយ។ កាលភិក្ខុនោះមិនប្រមាទយ៉ាងនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុចម្រើនកាយគតាសតិ ដោយវិធីយ៉ាងនេះក៏បាន។
[៣០១] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញនូវសរីរៈស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹង ប្រកបដោយសាច់ និងឈាម នៅមានសរសៃជាគ្រឿងចង... នៅសល់តែរាងឆ្អឹងឥតសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃជាគ្រឿងចង... នៅសល់តែរាងឆ្អឹង ប្រាសចាកសាច់និងឈាម តែនៅមានសរសៃជាគ្រឿងចង... នៅសល់តែឆ្អឹងទទេ ប្រាសចាកសរសៃជាគ្រឿងចង ខ្ចាត់ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅដោយឡែក... លលាដ៏ក្បាលទៅដោយឡែក ដូចម្តេចមិញ។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ)
ID: 636831833466177770
ទៅកាន់ទំព័រ៖